ពុទ្ធសករាជ
ប្រទេសកម្ពុជា ជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាដ៏ម៉ឺងម៉ាត់តាំងពីបុរាណកាលមក ដូចប្រទេសនានាលើពិភពលោក។ នៅលើទំព័រឯកសារផ្សេងៗជាពិសេសឯកសារព្រះរាជពង្សាវតាខ្មែរ ឯកសារប្រវត្តិសាស្រ្តខ្មែរ សាស្ត្រាស្លឹករឹតនិងក្រាំងបុរាណជាដើម។ គេតែងសង្កេតឃើញកាលបរិច្ឆេទដោយកំណត់យកព្រះពុទ្ធសាសនាជាគោល។
- តើព្រះពុទ្ធសករាជបានសេចក្តីយ៉ាងណាដែរ ?
ពុទ្ធសករាជជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្សមុនីគោតម ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ដូច្នេះគេរាប់ពីត្រឹមថ្ងៃទី១រោច ខែពិសាខ នោះមក ជាពុទ្ធសករាជ។
មុនឆ្នាំ១៩៦៨ គឺចាប់ពីឆ្នាំ១៩៦៧ថយក្រោយ ខ្មែរយើងប្រើពុទ្ធសករាជពេញ ដូចសៀមដែរ។ លុះក្រោយពី អនុសំវច្ចរ មហាសន្និបាត នៃមន្ត្រីសង្ឃលើកទី២៤ ដែលចាប់ផ្តើមធ្វើ ពីថ្ងៃទី២៧ខែមករាឆ្នាំ១៩៦៨មក ខ្មែរយើងបានកែប្រែការប្រើពុទ្ធសករាជជាអតីត មកប្រើពុទ្ធសករាជបច្ចុប្បន្នវិញ។ រឿងនេះធ្វើឲ្យមានបញ្ហាចោទឡើងថាៈ
- ហេតុអ្វីបានជាខ្មែរប្រើពុទ្ធសករាជខុសពីសៀម ?
យើងអាចឆ្លើយយ៉ាងខ្លីថា ដោយខ្មែរយើងប្រើពុទ្ធសករាជបច្ចុប្បន្ន ឯសៀមប្រើពុទ្ធសករាជអតីត។
ដើម្បីឲ្យយល់កាន់តែច្បាស់ អំពីពុទ្ធសករាជ ខ្ញុំសូមជម្រាបថា ពុទ្ធសករាជមាន៣យ៉ាង ៖
១. ពុទ្ធសករាជអតីត គឺពុទ្ធសករាជដែលកន្លងមកហើយ ពេញទាំងថ្ងៃ ខែ ឆ្នាំឥតមានខ្វះ។
២. ពុទ្ធសករាជបច្ចុប្បន្ន គឺពុទ្ធសករាជបច្ចុប្បន្នសុទ្ធសាធ ដែលកំពុងស្ថិតនៅក្នុងថ្ងៃខែឆ្នាំ ដែលមិនទាន់មកដល់។
៣. ពុទ្ធសករាជអនាគត គឺពុទ្ធសករាជដែលពេញទាំងថ្ងៃ ខែ ឆ្នាំ តែមិនទាន់មកដល់។
ដើម្បីបង្ហាញឲ្យកាន់តេច្បាស់ថែមទៀត ខ្ញុំសូមលើកឧទាហរណ៍ដូចខាងក្រោមនេះ
ឧទាហរណ៍ៈ
ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ដូច្នេះយើងអាចបកស្រាយថាៈ
អតីតកាល
- ព្រះពុទ្ធសាសនាកន្លងទៅហើយ២៥៤៧ព្រះវស្សា
- ខែកន្លងទៅហើយបាន៨ខែ (ពីខែពិសាខ ដល់ មិគសិរ)
- ថ្ងៃកន្លងទៅហើយបាន២ថ្ងៃ (គឺ១រោច និង២រោច)
បច្ចុប្បន្នកាល
ថ្ងៃ៣រោចខែមិគសិរឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨, ថ្ងៃខែឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នវារៈ។
អនាគតកាល
អនាគតកាលរបស់ព្រះពុទ្ធសាសនា ឬព្រះពុទ្ធសាសនកាល ដែលនៅសល់ខាងមុខទៀតគឺ
- ឆ្នាំនៅសល់ ២៤៥២ ព្រះវស្សា(៥០០០-២៥៤៨)
- ខែនៅសល់៤ខែ (បុស្ស មាឃ ផល្គុណ ចេត្រ)
- ថ្ងៃនៅសល់ ២៦ថ្ងៃ
បើបូករួមសិរីទាំងបីកាល គឺអតីត បច្ចុប្បន្ន និងអនាគត ប្រមូលបញ្ចូលគ្នាមកត្រូវជា ព្រះពុទ្ធសាសនា គ្រប់៥០០០ព្រះវស្សាដោយបរិបូណ៌។
សូមពិនិត្យមើលតារាងបូកពុទ្ធសករាជៈ
ម្យ៉ាងទៀតបើតាមព័ត៌មាន ដែលបានទទួលពីព្រះតេជគុណភាសាសិរីវិជ្ជា ឃី សុវណ្ណរតនាសាស្ត្រាចារ្យអនុបណ្ឌិតទស្សនវិជ្ជា ដែលលោក បាននិមន្តមកពីសិក្សា នៅប្រទេសសេរីលង្កា ក៏គេប្រើពុទ្ធសករាជបច្ចុប្បន្ន ដូចខ្មែរយើងដែរ។
Không có nhận xét nào:
Đăng nhận xét